លោកស្រីមេធាវី ខៀវ សុខា ជាស្ថាបនិក នៃក្រុមមេធាវី អេសឌីអាយ អន្តរជាតិ ដែលបានបង្កើតឡើង និង បានចុះបញ្ជីការិយាល័យវិជ្ជាជីវៈមេធាវី នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ មានទីតាំងការិយាល័យស្ថិតនៅ បុរីប៉េងហួត ដឹស្តាមុនីរ៉ាហ៌ ផ្ទះលេខ ៥១ & ៥១A ផ្លូវជាតិលេខ ៦A សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

បន្ទាប់ពីបានបំពេញតួនាទីជា ប្រធានក្រុមមេធាវី អេសឌីអាយ អន្តរជាតិ អស់មួយរយៈ លោកស្រី ខៀវ សុខា បានផ្ទេរតួនាទីជាប្រធានក្រុមមេធាវី ជូនទៅលោកមេធាវី ចាន់ សុភា ជាប្រធាន ក្រុមមេធាវី អេសឌីអាយ អន្តរជាតិ វិញ ដោយហេតុថា លោកស្រីនឹងត្រូវវិលត្រលប់ទៅបំពេញតួនាទីនៅសាលាឧទ្ធរណ៍ភ្នំពេញ។

លោកស្រី ខៀវ សុខា មានបទពិសោធន៍ ក្នុងវិស័យច្បាប់ និង វិស័យយុត្តាធិការអស់រយៈពេលជាង ១៧ឆ្នាំ មកហើយ គិតត្រឹមឆ្នាំ២០២៣។ លោកស្រី ធ្លាប់បានបំពេញការងារជាចៅក្រមនៃសាលាដំបូងខេត្តកំពង់ស្ពឺ, ជាសមាជិកនៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា(NCIPR), ជា ទីប្រឹក្សាច្បាប់នៃអង្គជំនុំជម្រះវិសាមញ្ញនៃតុលាការកំពូល នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា, ជាចៅក្រមតុលាការកំពូល និង ជាអនុប្រធានសាលាឧទ្ធរណ៍ភ្នំពេញ។ លោកស្រី ក៏ធ្លាប់បានធ្វើកម្មសិក្សានៅ ACT Magistrates Court នៅទីក្រុង Canberra ប្រទេសអូស្រ្ដាលីផងដែរ។

ចំពោះប្រវត្តិការសិក្សា លោកស្រី ខៀវ សុខា ទទួលបានសញ្ញាបត្រវិជ្ជាជីវៈចៅក្រម ពីរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ នៅឆ្នាំ២០០៥។ នៅឆ្នាំ២០០៣ លោកស្រីទទួលបានអនុបណ្ឌិតច្បាប់ ពីសាកលវិទ្យាល័យ Transnational Law and Business University (TLBU) នៃសាធារណៈរដ្ឋកូរ៉េខាងត្បូង។ នៅឆ្នាំ ២០០១ លោកស្រីទទួលបាន បរិញ្ញាបត្រនីតិសាស្រ្ដ ពីសាកលវិទ្យា ល័យភូមិន្ទនីតិសាស្រ្ដ និង វិទ្យាសាស្រ្ដសេដ្ឋកិច្ច។

ចំពោះ ជំនាញវិជ្ជាជីវៈ លោកស្រី ខៀវ សុខា ទទួលបានវិញ្ញាបនបត្របញ្ជាក់ អំពីការបានចូលរួមវគ្គបណ្ដុះបណ្ដាលនិងបានប្រឡងជាប់ជាស្ថាពរនូវការប្រឡងគុណវុឌ្ឍិក្នុងវិស័យបរធនបាលកិច្ចលើកទី៣ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣។ នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣ លោកស្រី ទទួលបានវិញ្ញាបនបត្របញ្ជាក់ អំពីការបានប្រឡងជាប់ជាស្ថាពរនូវ “ការប្រឡងដើម្បីទទួលបានលក្ខណៈសម្បត្តិ ដូចមានចែងក្នុងប្រការ ១២.១ (ឃ) នៃបទបញ្ជាផ្ទៃក្នុងរបស់មជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម ហៅកាត់ថា ម.ជ.ម”។ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ លោកស្រី ទទួលបាននូវលិខិតបញ្ជាក់អំពីការប្រឡងជាប់ក្នុងវគ្គបណ្ដុះបណ្ដាលកម្រិតឧត្តម ស្ដីអំពីជំនាញមជ្ឈត្តការផ្នែកពាណិជ្ជកម្មនៅមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម។ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ លោកស្រីបានចូលរួមជាមជ្ឈត្តករស្ម័គ្រចិត្ត នៅក្នុងកម្មវិធីប្រកួតមជ្ឈត្តការប្រតិដ្ឋផ្នែកពាណិជ្ជកម្មប្រចាំឆ្នាំ លើកទី២ ឆ្នាំ២០២២ របស់មជ្ឈមណ្ឌលជាតិនៃ មជ្ឈត្តការផ្នែកពាណិជ្ជ កម្ម។ នៅថ្ងៃទី៣០ ខែមិនា ឆ្នាំ២០១២ លោកស្រីទទួលបានលិខិតបញ្ជាក់អំពីការបញ្ចប់វគ្គបណ្តុះបណ្តាលស្តីពីក្រមរដ្ឋប្បវេណី និង ក្រមនីតិវិធីរដ្ឋប្បវេណីសម្រាប់អនាគតគ្រូបណ្តុះបណ្តាល​​នៅសាលាភូមិន្ទចៅក្រមនៃរាជបណ្ឌិតសភាវិជ្ជាជីវៈ តុលាការ។ ទន្ទឹមនឹងនេះ លោកស្រី ខៀវ សុខា ក៏បានចូលរួមជាវាគ្មិនលើប្រធានបទផ្នែកច្បាប់មួយចំនួន ដូចជា អំពីនីតិវិធីរដ្ឋប្បវេណី, អំពី អាពាហ៌ពិពាហ៌ និងគ្រួសារ និង ទិដ្ឋភាពផ្លូវច្បាប់នៃអនីតិសង្វាស, អំពីមរតក, អំពីនីតិវិធីជំនុំជម្រះសាជាថ្មី, អំពីអនុប្បទានឋានៈក្នុងកិច្ចសន្យា, អំពីអនុប្បទានសិទ្ធិលើបំណុល, អំពីសិទ្ធិឧបាទេសកម្មរបស់ម្ចាស់បំណុល និង អានុភាពនៃសាលក្រម ឬ សាលដីកាស្ថាពរ, អំពីនីតិវិធីបណ្ដឹងឧបាស្រ័យទៅតុលាការជាន់ខ្ពស់, អំពីការការពារបុគ្គលតាមច្បាប់ជាតិ និង អន្តរជាតិ និង អំពីយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជាដើម។

លោកស្រីក៏បានចូលរួមសិក្ខាសាលា និង វគ្គបណ្តុះបណ្តាលនៅក្នុងប្រទេសជាច្រើនទៀត ដូចជា សិក្ខាសាលា ស្តីអំពីការបង្កើត និងដំណើរការតុលាការពាណិជ្ជកម្មប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល, សិក្ខាសាលាស្ដីអំពី ការស្មុំកូនអន្តរប្រទេស, សិក្ខាសាលាស្ដីអំពី ប្រតិបត្តិការដែលមានកិច្ចធានា, វគ្គបណ្តុះបណ្តាលស្តីអំពី នីតិវិធីក្ស័យធន, ការអនុវត្តនីតិវិធីស្រូបទោស, បទល្មើសព្រហ្មទណ្ឌជំនួញ, ការតាំងខ្លួនជាដើមបណ្ដឹងរដ្ឋប្បវេណីនិងការដាក់បណ្ដឹងអាជ្ញាឲ្យមានចលនា, វិធីសាស្ត្រកំណត់បទល្មើស, រឿងក្តីតុងទីន, បញ្ហានានាដែលកើតមានឡើង នៅក្នុងការអនុវត្តនីតិវិធីចាត់ចែងរក្សាការពារ, បញ្ហា និង ដំណោះស្រាយក្នុងការអនុវត្តនីតិវិធីអនុវត្តដោយបង្ខំ, កំហុសចំបងទាំង១០ ក្នុងការតាក់តែងកិច្ចសន្យា និងវិធីសាស្រ្តបកស្រាយកិច្ចសន្យា, សិទ្ធិប្រាតិភោគប្រត្យក្ស និងការអនុវត្តសិទ្ធិ ប្រាតិភោគប្រត្យក្ស, វគ្គបណ្ដុះបណ្ដាលស្ដីអំពី ការ​បង្កើនសមត្ថភាព​នាំចេញ​នៃ​សហគ្រាស​ក្នុងស្រុក, វគ្គបណ្ដុះបណ្ដាលស្ដីអំពី ការវាយតម្លៃថ្នាក់ជាតិអំពី​​តម្រូវការ​ចរចា និង​សម្រុះសម្រួលក្នុងវិស័យ​ពាណិជ្ជកម្ម និង ​ការ​ផ្ដល់​អាទិភាព​ពាណិជ្ជកម្មកម្ពុជា, ​វគ្គបណ្ដុះបណ្ដាលស្ដីអំពី ការវាយតម្លៃ និង ការអប់រំ នៅមជ្ឈមណ្ឌលអូស្រ្ដាលីសម្រាប់​ការអបរំ, វគ្គបណ្ដុះបណ្ដាលស្ដីអំពី ការស៊ើបអង្កេត​តាម​ប្រព័ន្ធកុំព្យូទ័រ, ​វគ្គបណ្ដុះបណ្ដាលស្ដីអំពី ការ​រៀបចំ​កម្មវិធីបណ្ដុះបណ្ដាល ក្នុងវិស័យ​តុលាការ​ នៅ​រាជបណ្ឌិតសភាវិជ្ជាជីវៈ​តុលាការ និង ​វគ្គបណ្ដុះបណ្ដាលស្ដីអំពី ជំនាញភាសាអង់គេ្លស សម្រាប់ទំនាក់​ទំនងក្នុង​​វិជា្ជជីវៈច្បាប់ នៅមជ្ឈមណ្ឌលអប់រំកម្ពុជា-សិង្ហបុរី។

បន្ថែមពីនេះ លោកស្រី ខៀវ សុខា បានចូលរួម សិក្ខាសាលា និង វគ្គបណ្តុះ បណ្តាលផ្សេងៗទៀត ទាំងក្នុង និងក្រៅប្រទេស រួមមានដូចជា វគ្គបណ្តុះបណ្តាល ស្ដីអំពីការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ នៅប្រទេសសិង្ហបុរី (Court Dispute Resolution: A One Stop Judicial Training on Alternative Dispute Resolution at Singapore Judicial College by Singapore Cooperation Program), សិក្ខាសាលា នៅប្រទេសជប៉ុន ស្ដីអំពី​គម្រោង​កិច្ចសហប្រតិបត្ដិការលើវិស័យច្បាប់​ និងយុត្ដិធម៌, សិក្ខាសាលា នៅប្រទេសថៃ ប្រទេសជប៉ុន និងប្រទេសវៀតណាម ស្ដីអំពីការ​អនុវត្ដច្បាប់ក្នុងវិស័យកម្មសិទ្ធិបញ្ញា, វគ្គបណ្ដុះបណ្ដាល នៅប្រទេសជប៉ុន ស្តីអំពីនីតិរដ្ឋប្បវេណី និង នីតិពាណិជ្ជកម្ម និង អំពីការចុះបញ្ជីអចលនវត្ថុ...។​